ឥណ្ឌាប្តេជ្ញាបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់ជំនួយជាវគ្គបណ្តុះបណ្តាលពិសេស លើជំនាញអភិវឌ្ឍន៍ជនបទ
ឥណ្ឌាបានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តពង្រឹងភាពជាដៃគូជាមួយកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍ជនបទ។ ក្នុងជំនួបរវាង ឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានប្រកាសថា ប្រទេសឥណ្ឌានឹងបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់វគ្គបណ្តុះបណ្តាលឯកទេស ក្នុងគោលបំណងពង្រឹងជំនាញរបស់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា។ ឯកអគ្គរដ្ឋទូតឥណ្ឌាបានគូសបញ្ជាក់ពីភាពស្រដៀងគ្នានៃបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ជនបទដែលប្រទេសទាំងពីរកំពុងជួបប្រទះ ដោយកត់សម្គាល់ថាប្រហែល ៥០% នៃចំនួនប្រជាជនឥណ្ឌាកំពុងរស់នៅក្នុងតំបន់ជនបទ។ ជាមួយនឹងគោលដៅដ៏មានមហិច្ឆិតារបស់រដ្ឋាភិបាលឥណ្ឌាដោយចង់ប្រែក្លាយឥណ្ឌាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧ ដូច្នេះរដ្ឋាភិបាលឥណ្ឌាចង់ចែករំលែកជំនាញ និងបទពិសោធន៍របស់ខ្លួនជាមួយកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត Bawitlung បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដែលកំពុងបន្តដោយមានប្រសាសន៍ថា “ឥណ្ឌានឹងបន្តផ្តល់គាំទ្រដល់ប្រទេសកម្ពុជាតាមរយៈជំនួយបន្ថែម រួមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញដែលរៀបចំឡើងសម្រាប់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ”។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមកក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជនបទ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណចំពោះការគាំទ្រឥតងាករេរបស់ឥណ្ឌា ដោយបានទទួលស្គាល់គម្រោងមុនៗ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះរួមមានគម្រោងអភិវឌ្ឍន៍សហគមន៍រួមបញ្ចូលគ្នា ដែលផ្តោតលើវិស័យទឹកស្អាត អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាគម្រោងដែលមានគោលបំណងលុបបំបាត់សារធាតុអាសេនិចចេញពីទឹកផឹកជុំវិញបឹងទន្លេសាប និងការការពារបរិស្ថានដោយការលុបបំបាត់ការបំពុលផងដែរ។ កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ជនបទនៅកម្ពុជា ដោយបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ និងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនបទ។
អានបន្ថែម